C*H*A*N*R*O*E*U*N

Food for Thought, Thought for Action!


Leave a comment

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​១)

ដោយ មឿង ទុម

វិទ្យុអាស៊ីសេរី

2008-07-17

មាន ​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​ប្រាសាទ​ព្រះវិហារ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​នោះ មាន​ជណ្តើរ​ឡើង ស្ថិត​នៅក្នុង​ទឹក​ដី​ថៃ សព្វ​ថ្ងៃ​នេះ​ទៅវិញ? តើ​អ្នកណា​ជា​អ្នក​កសាង​ប្រាសាទ​ព្រះវិហារ​នោះ?

Photo: PA Chanroeun

ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា។

លោក​សាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្ន​បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​ថៃ​លាវ​និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា នៅពេល​ដែល​ស្តេច​ខ្មែរ ផ្តើម​សាងសង់​ប្រាសាទ​ព្រះវិហារ​នោះ​ឡើង​នៅក្នុង​ខេត្ត​ព្រះវិហារ​នៃ​ដែនដី​ ព្រះរាជាណាចក្រ​កម្ពុជា កាលពី​បុរាណ​សម័យ​នោះ គឺ​ពុំទាន់​មាន​ប្រទេស​សៀម ឬ​ថៃ តាំង​នៅ​ទីតាំង​ប្រទេស​ថៃ​សព្វថ្ងៃ នៅ​ឡើយ​ទេ ។

ពិសេស កាលពី​បុរាណ​សម័យ ស្រុក​ខ្មែរ​មាន​ផ្ទៃ​ដី​ធំធេង ផ្នែក​ខាង​លិច​គឺ​លាត​សន្ធឹង ពី​ខេត្ត​ព្រះវិហារ ហួស​ប្រទេស​ថៃ​សព្វថ្ងៃ និង​តរហូត​ទៅ​ដល់​ប្រទេស​ភូមា ។ ចំណែក​ផ្នែក​ខាង​ជើង គឺ​លាត​សន្ធឹង​រាប់​បញ្ចូល​ទាំង​ក្រុង​ឈៀងម៉ៃ ដែល​សព្វថ្ងៃ​ជា​ខេត្ត​មួយ​របស់​ថៃ​នោះ​ផង ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​បន្ថែម​យ៉ាងដូច្នេះ ៖ «ខ្មែរ​យើង​ មួយ​ចំនួន មិន​យល់​អំពី​ប្រាសាទ​ព្រះវិហារ ចោទ​សួរ​ថា ផ្លូវ​ដែល​ទៅកាន់​ប្រាសាទ​ព្រះវិហារ​ហ្នឹង ផ្លូវ​ដែល​ស្រួល​នោះ គឺ​ទៅពី​ស្រុក​សៀម ។ ហេតុអ្វី បើ​ជា​ប្រាសាទ​ខ្មែរ ម៉េច​ក៏​គេ​ធ្វើ​ផ្លូវ​ឡើង​ទៅ​ពី​ស្រុក​សៀម​ទៅ​វិញ ។ ដើម្បី​ឲ្យ​បាត់​ការងឿង​ឆ្ងល់​ចំពោះ​បញ្ហា​នេះ ខ្ញុំ​សូម​ជម្រាប សូម​ឲ្យ​ជ្រាប​ថា ប្រាសាទ​ព្រះវិហារ​នេះ មាន​នៅ​ក្នុង​ទឹកដី​ខ្មែរ​តាំងតែ​ពី​ដើម​មក​យូរ​ណាស់​ហើយ ដី​ខ្មែរ​គឺ​ស្រុក​សៀម មិន​ទាន់​មាន​ឯណា ។ ដី​ខ្មែរ​មាន​នៅ​រហូត​ទៅ​ដល់​ប្រទេស​ភូមា ។ បើ​ខាង​ជើង​នោះ រហូត​ទៅ​ដល់​ក្រុង​ឈៀងម៉ៃ ពីព្រោះ​ខ្មែរ​កាន់​អំណាច​រហូត​ទៅ​ដល់​ទីនោះ ។ ដូច្នេះ​មិនមែន​មក​ចោទ​ថា ដីត្រង់​កន្លែង​នោះ មាន​សៀម មាន​អី បើ​សៀម​មិនទាន់​មក​ដល់​ឯណា ។ សៀម​ទាល់​តែ​ចុង​សតវត្សរ៍​ទី​១៣ បាន​ទើប​នឹង​ចុះមក ។ ដូច្នេះ ដី​ត្រង់​ដែល​គេ​ធ្វើ​ប្រាសាទ នៅលើ​កំពូល​ភ្នំ​ព្រះវិហារ​នេះ ជា​ដី​របស់​ខ្មែរ ។ ខ្មែរ​ចង់​ធ្វើ​ត្រង់​ណា បែរ​ទៅ​ត្រង់​ណា គេ​ធ្វើ​តាម​តែ​ទីតាំង​របស់​សាច់​ភ្នំ​នោះ ។ ដូច្នេះ​សុំ​កុំ​ឲ្យ​ងឿង​ឆ្ងល់ បើ​មាន​អ្នកណា​ផ្សេង​ទៀត​ថា ទេ ប្រាសាទ​ហ្នឹង​មិនគួរ​ជា​របស់​ខ្មែរ ហ្នឹង​គឺ​ខុស​ហើយ ។ ពីព្រោះ​ដី​ខ្មែរ​នៅ​វាត​តាំង​ពី​ដែន​ដី​កម្ពុជា​ក្រោម កូសាំងស៊ីន រហូត​ទៅ​ដល់​ខាង​ជើង​នោះ គឺ​រហូត​ទៅ​ដល់​វៀងច័ន្ទ​ឯណោះ ។ ហ្នឹង បើ​ផ្នែក​ខាង​ស្រុក​លាវ ។ សៀម​អត់ទាន់​មាន​ទេ ដូច្នេះ​គេ​យក​ដី​នេះ យក​មក​ធ្វើ​ជា​ប្រាសាទ ដែល​វាល​ទំនាប ដែល​ឡើង​មក​សព្វថ្ងៃ គឺ​ឡើង​មក​ពី​ខាងជើង ហើយ​គេ​ធ្វើ​ប្រាសាទ​ហ្នឹង បែរមុខ​ទៅ​ទិស​ខាងជើង ។ ប្រាសាទ​នេះ មិន​មាន​លក្ខណៈ​ដូច​ប្រាសាទ​ឯ​ទៀត​ៗ​ទេ ។ ដូច្នេះ សូម​កុំ​ឲ្យ​ងឿងឆ្ងល់​ទៀត ផ្លូវ​ដែល​គេ​ធ្វើ​មក​ពី​ស្រុក​សៀម​ៗ ពុំ​ទាន់​មាន​ទេ ។ សព្វថ្ងៃ​យើង​ច្រឡំ សព្វថ្ងៃ​យើង​ភ្លេច​ប្រវត្តិ ដូច្នេះ គេ​ធ្វើ​ពី​ដី​ខ្មែរ​មក​ហ្នឹង រួច​ដី​ខ្មែរ​នៅខាង​ជើង​ឯណោះ វា​វាល​ទំនាប  ហើយ​នៅឯ​ខាង​ស្រុក​ខ្មែរ សព្វថ្ងៃ​ឯណេះ វា​ដី​ត្រង់​ហ្នឹង​គឺ​ជា​ល្បាក់ គឺ​ជា​ជញ្ជាំង​ភ្នំ ។ ម្ល៉ោះ​ហើយ គេ​ធ្វើ​ហ្នឹង គឺ​សម្រាប់​ឲ្យ​មាន​ព្រាហ្មណ៍​ហ្នឹង ទៅ​រក្សា​លិង្គ​របស់​ព្រះឥសូរ ហើយ​កន្លែង​នោះ​គឺ​កន្លែង​គេ​តាំង​សិល្ប៍»

តាម​ការស្រាវជ្រាវ​ពី​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់តាំង​ពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ។ ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ សោយ​រាជ្យ នៅពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​១១ ។ ទីតាំង​ធ្វើ​ប្រាសាទ ដែល​ស្ថិត​នៅលើ​ទី​ខ្ពស់​ជាង​គេ នោះ​មាន​កំពស់ ៥២៥​ម៉ែត្រ ។

បើគិត​ពី​ផ្លូវ​ចូល​ពី​ដី​ទំនាប ឡើង​ទៅ​ដល់​ប្រាសាទ​នៅលើ​កំពូលភ្នំ​នោះ គឺ​កាំជណ្តើរ​សម្រាប់​ឡើង​បន្តិច​ម្តងៗ រហូត​ដល់​ប្រាសាទ​ដែល​នៅ​លើ​កំពូលភ្នំ​នោះ គឺ​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បង្ហាញ​អំពី​ទីតាំង​ភូមិសាស្រ្ត​នៃ​សំណង់​ប្រាសាទ​ព្រះវិហារ ដែល​មាន​រួមទាំង​កាំជណ្តើរ​ទាំងអស់​នោះ​ផង ៖ «ប្រាសាទ​ព្រះវិហារ​នេះ​គឺ ​សង់​ឡើង​អំពី​ថ្ម ហ្នឹង​ចាប់​តាំងពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​មួយ សំណង់​ហ្នឹង​មិនមែន​ធ្វើ​តែ​មួយ​ពេល​ទេ ។ ធ្វើ​បើ​គិត​ឲ្យ​មែន​ទែន មាន​បី​ពេល ។ ឥឡូវ​នេះ ខ្ញុំ​ជូន​គ្រាន់តែ​ជម្រាប​ត្រួសៗ​អំពី​ផ្លូវ​ចូល​មក​ហ្នឹង​មាន​អី​ខ្លះ​ៗ ។ ទីមួយ ពី​ដី​យើង​ធម្មតា​ហ្នឹង ពី​ដី​គឺ​ជើងភ្នំ​របស់​ភ្នំ​ដងរែក​ហ្នឹង យើង​ឡើង​មក​ហ្នឹង គឺ​ចម្ងាយ ៥៤​ម៉ែត្រ​គេ​ធ្វើ​ជា​ជណ្តើរ​ៗ ទាំងអស់​មាន ១៥៩​កាំ ។ យើង​ឡើង​ជណ្តើរ​ហ្នឹង​មក​ហើយ  បាន​គេ​ធ្វើ​រាង​ជម្រាល​បន្តិច​ចម្ងាយ ២៥​ម៉ែត្រ ហ្នឹង ចូល​មក​ខ្លោង​ទ្វារ​ទី​១ ។ បើ​សិន​ណា​អស់​លោក​មាន​សៀវភៅ គេ​សរសេរ​ជា​ភាសា​បារាំង ជា​អង់គ្លេស គេ​រាប់​បញ្ច្រាស គេ​រាប់​ពី​ទីមួយ ប្រាសាទ​ធំ​បំផុត មក​ឯ​ខាង​ដើម ។ ខ្ញុំ​ដើម្បី​នឹង​សម្រួល​អស់​លោក ឲ្យ​ឃើញ​រូប​ប្រាសាទ​ហ្នឹង  ខ្ញុំ​រាប់​តាម​ជណ្តើរ​ដែល​យើង​ឡើង ។ សង្ខេប​យើង​ឡើង​តាម​ផ្លូវ​ជម្រាល​ធម្មតា ៥៤​ម៉ែត្រ បូក​នឹង ២៥​ម៉ែត្រ បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​១ ។ បន្ទាប់​ពី​ខ្លោង​ទ្វារ​ទី​១​ហ្នឹង ត្រូវ​ធ្វើ​ដំណើរ​តាម​កាំជណ្តើរ​នោះ ឡើង​មក​ទៀត ចម្ងាយ ២៤៤​ម៉ែត្រ ។ ជណ្តើរ​នេះ គេ​មាន​បោះគោល​តាម​សង​ខាង​ផ្លូវ ដើរ​មក​បាន​ចូល​ខ្លោង​ទ្វារ​ទី​២ ។ នៅ​ខ្លោងទ្វារ​ទី​២ នោះ​មាន ហោជាង គេ​ធ្វើ​រូប​រឿង​កូរ​សមុទ្រ​ទឹកដោះ គឺ​ការ​ដែល​បង្កើត​លោក ។ នៅពេល​ដែល​ឡើង​មក​ហ្នឹង នៅ​ខាង​ឆ្វេង​ដៃ មាន​ស្រះ​មួយ ។ ស្រះ​នេះ​គឺ​មាន​ន័យ​សំខាន់​ណាស់ ។ ពេល​ដែល​ព្រះមហាក្សត្រ​នៅស្រុក​សៀម​សព្វថ្ងៃ លោក​ឡើង​សោយរាជ្យ  ធ្វើ​ពិធី​រាជា​ភិសេក គេ​មក​យក​ទឹក​ពី​ស្រះ​ហ្នឹង ដើម្បី​យក​ទៅ​បំពេញ​ពិធី​អភិសេក​ព្រះកូណា​ដែល​នៅ​ស្រុកសៀម សព្វថ្ងៃ»

សូម​បញ្ជាក់​ជូន​ថា លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​អំពី​ស្តេច​សៀម​នេះ គឺ​សំដៅ​ចំពោះ​ព្រះមហាក្សត្រ​ថៃ​សព្វថ្ងៃ គឺ​ព្រះបាទ ភូមិផុន អាឌុលយ៉ាដេត ។

បើតាម​ឯកសារ​ប្រវត្តិសាស្រ្ត​ស្តីពី​ព្រះរាជាថៃ ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​វ៉ឹបសាយថ៍ Wikipedia បាន​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិផុន អាឌុលយ៉ាដេត បច្ចុប្បន្ន​មាន​ព្រះជន្ម ៨១​ព្រះវស្សា ឡើង​គ្រង​រាជ្យ​តាំងពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​១៩៤៦ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ៕


Leave a comment

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​២)

2008-07-18

ឯកសារ ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​បាន​ស្ថាបនា​ឡើង​ដោយ​ព្រះមហាក្សត្រ​ខ្មែរ តាំង​ពី​១​ពាន់​ឆ្នាំ​មុន​មក​ម្ល៉េះ គឺ​កសាង​ឡើង​នៅ​ក្នុង​ដែនដី​ខ្មែរ ។

RFA Photo/Keo Nimol

ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ ព្រះរាជាណាចក្រ​កម្ពុជា។

បើតាម​សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​សរសេរ​ដោយ​លោក អាល់បែរ ឡឺបោននឺ និង​លោក ក្លូដ ហ្សាក់ បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់​តាំង​ពី​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ នៅពាក់​កណ្តាល​ទីមួយ​នៃ​សតវត្សរ៍​ទី​១១ ។

ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ស្ថាបនា​ឡើង ក្នុងគ្រា​ដែល​ស្រុក​ខ្មែរ​មាន​ផ្ទៃដី​ធំ​ធេង​លាត​សន្ធឹង​រហូត​ដល់​ប្រទេស​ ភូមា ខាងជើង​ទៅ​ដល់​ទីក្រុង​វៀងច័ន្ទ ប្រទេស​លាវ ។ ចំណែក​ប្រទេស​ថៃ​សព្វថ្ងៃ គឺ​ពុំទាន់​មាន​ទេ ដី​ស្រុក​ថៃ​សព្វថ្ងៃ គឺ​ជា​ដែនដី​ខ្មែរ​នា​កាលណោះ ។ ហេតុនេះ​ហើយ ទើប​ព្រះមហាក្សត្រ​ខ្មែរ​សង់​ប្រាសាទ​ព្រះវិហារ​បែរ​ទៅ​ទិស​ខាង​ជើង​ដែល​មាន ​ដី​ទំនាប ងាយ​ធ្វើ​ជណ្តើរ​ឡើង ប្រសើរ​ជាង​ទិស​ខាង​ត្បូង ដែល​មាន​ជញ្ជាំង​ភ្នំ​ចោទ​ខ្ពស់​ពេក ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា មាន​ប្រសាសន៍​ថា បើគិត​ចាប់​ពី​ដី​ទំនាប ពី​ផ្លូវ​ឡើង​ទៅ​ដល់​ប្រាសាទ​ដែល​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ គឺ​គេ​ត្រូវ​ដើរ​ឡើង​តាម​ជណ្តើរ​ជា​ច្រើន​កាំ ដែល​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។

មុន​នឹង​ឡើង​ពី​ដី​ទំនាប ទៅ​ដល់​ប្រាង្គ​ប្រាសាទ​លើ​កំពូលភ្នំ គេ​ត្រូវ​ឆ្លង​កាត់​ខ្លោង​ទ្វារ ៥ ។ ឡើង​ពី​កាំ​ទី​មួយ ដើម្បី​ទៅ​ដល់​ខ្លោង​ទ្វារ​ទី​មួយ គេ​ត្រូវ​ឆ្លង​កាត់​ជណ្តើរ ១៥៩​កាំ ដែល​មាន​ចម្ងាយ ៧៩​ម៉ែត្រ ។ បន្តទៀត គេ​ត្រូវ​ដើរ​ពី​ខ្លោង​ទ្វារ​ទីមួយ តាម​ជណ្តើរ​ដែល​មាន​ចម្ងាយ ២៥៥​ម៉ែត្រ ទើប​គេ​ទៅ​ដល់​ខ្លោង​ទ្វារ​ទី​២ ។

នៅលើ​ជាប់​នឹង​ខ្លោង​ទ្វារ​ទី​២ គេ​មាន​ធ្វើ​ហោជាង ដែល​មាន​គូរ​រូប​កូរ​សមុទ្រ​ទឹក​ដោះ ។ ហើយ​នៅ​ខាង​ឆ្វេង​ដៃ​មាន​ស្រះ​មួយ ដែល​មាន​ទទឹង ១៨​ម៉ែត្រ​និង​បណ្តោយ ៣៦​ម៉ែត្រ ។ ស្រះ​នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​ថា កាល​ពី​ពេល​ដែល​ព្រះមហាក្សត្រ​ថៃ សព្វថ្ងៃ​គឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើង​គ្រងរាជ្យ​នៅថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​១៩៤៦ ថៃ​បាន​មក​យក​ទឹក​ពី​ស្រះ​នេះ​ទៅ ដើម្បី​បំពេញ​ពិធី​អភិសេក​ព្រះមហាក្សត្រ​ថៃ នៅឯ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បន្ត​អំពី​ទីតាំង​ភូមិសាស្រ្ត​នៃ​សំណង់​ប្រាសាទ​ព្រះវិហារ ដោយ​រាប់​ចាប់​ពី​ខ្លោង​ទ្វារ​ទីពីរ​ឡើង​ទៅ ៖ «ឥឡូវ​នេះ ចូល​មក​ដល់​ខ្លោង​ទ្វារ​ទី​២ ហើយ​ឡើង​មក​ទៀត ហើយ​ចម្ងាយ ១៥០​ម៉ែត្រ មាន​បោះគោល​តាម​ផ្លូវ​ហ្នឹង​រហូត ។ នៅ​ខាង​ឆ្វេង​ដៃ​ដដែល​ហ្នឹង មាន​តួប្រាសាទ​តូច​ៗ ឡើង​មក​ទៀត​អ៊ីចឹង​មក ១៥០​ម៉ែត្រ​ហ្នឹង បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​៣​ៗ ហ្នឹង​មាន​សិលាចារឹក ដែល​និយាយ​អំពី​ការកសាង​ប្រាសាទ គឺ​នៅក្នុង​ជំនាន់​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​១  ប្រហែល​ជា​ទីកន្លែង​អ្នក​ចូល​ទៅ​បួស គេ​ឲ្យ​តាំង​សីល គេ​ឲ្យ​រៀន​ធម៌ នៅ​ហ្នឹង​ចូល​ផុត​ពី​ខ្លោង​ទ្វារ​ទី​បី​មក​នេះ ។ នៅ​ចន្លោះ​ពី​ខ្លោង​ទ្វារ​ទី​បី​និង​ខ្លោង​ទ្វារ​ទី​បួន មាន​ផ្លូវ​ដើរ ប្រហែល ៤០​ម៉ែត្រ ។ ផ្លូវ​ដើរ ៤០​ម៉ែត្រ​នេះ​ឯង ដែល​មាន​ធ្វើជា​ខ្លួន​នាគ ដូច​ជា​បង្កាន់ដៃ ហើយ​និង​បោះគោល​តាម​ផ្លូវ​នេះ​ឯង ។ យើង​ដើរ​តាម​ផ្លូវ​នាគ​ហ្នឹង​មក បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ។  មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ប្រាសាទ​ហ្នឹង​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ។ នៅ​ទិស​ខាង​លិច​ឬ​ក៏​នៅ​ស្តាំដៃ​ហ្នឹង មាន​អគារ​មួយ នៅខាង​ឆ្វេង​ដៃ​អត់​មាន​ទេ ។អគារ​នេះ​ឯង​ប្រហែល​គេ​ទុក​ឲ្យ​សម្រាប់​ឥសី​ធំ​ៗ​សំណាក់​ឬ​ក៏​តាំង​សីល​ នៅត្រង់​កន្លែង​ហ្នឹង»

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា ចម្ងាយ​ពី​ខ្លោង​ទ្វារ​ទី​៤ ទៅ​ដល់​ខ្លោង​ទ្វារ​ទី​៥​នោះ មាន​ប្រមាណ​ពី​៤០ ទៅ​៥០​ម៉ែត្រ ។ គេ​ត្រូវ​ដើរ​ឆ្លង​ខ្លោង​ទ្វារ​ទី​៥​នេះ ទើប​ទៅ​ដល់​ប្រាង្គ​ប្រាសាទ​ចុង​ក្រោយ​បង្អស់ ដែល​ស្ថិត​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ មាន​កំពស់ ៥២៥​ម៉ែត្រ ៖ «ប្រាសាទ​នេះ​មិន​ជា​ធំ​ប៉ុន្មាន​ទេ មិន​ជា​ធំ​ហ្នឹង គឺ​មិន​បាន​ដល់​ប្រាសាទ​នៅ​ភ្នំ​ជីសូរ នៅ​ខេត្ត​តាកែវ​ផង ។ កន្លែង​នេះ​ឯង គឺ​ជា​កន្លែង​ដែល​ប្រហែល​គេ​ដាក់​លិង្គ ដែល​គេ​ថា ជា​អាទិទេព​ប្រចាំ​ប្រាសាទ​ព្រះវិហារ បើ​យើង​គិត​តែ​តួ​ប្រាសាទ​ធំ​ចុងក្រោយ​នេះ គឺ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ តែ​ប៉ុណ្ណោះ ហើយ​បើ​យើង​ដើរ​ទៅ​ខាង​ក្រោយ​ប្រាសាទ​ហ្នឹង ប្រយ័ត្ន​ព្រោះ​ហ្នឹង​ដល់​ចុង​ភ្នំ​ហើយ គឺ​កន្លែង​ដែល​ចោទ​ហើយ ផុត​ត្រឹម​ប៉ុណ្ណឹង ។ ដូច្នេះ​ចុង​ខាង​ក្រោយ​នេះ​ឯង ប្រហែល​ជា​គេ​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះ ។  មក​ដល់​ឆ្នាំ​២០០៨ នេះ មាន​បាត់បង់​ក៏​ច្រើន បាក់​បែក​ក៏​ច្រើន អ្វី​ដែល​នៅ​ឃើញ​សល់​សព្វថ្ងៃ​នេះ យើង​មើល​ទៅ​តាំងពី​ក្បាច់​ចម្លាក់ គួរ​ឲ្យ​ស្រលាញ់​ជា​ទី​បំផុត ពីព្រោះ​ស្អាត​ណាស់ ធ្វើ​ហ្នឹង ធ្វើ​ល្អ​ខ្លាំង​ណាស់»

លោក​សាស្រ្តាចារ្យ​បញ្ជាក់​ថា ប្រវត្តិ​នៃ​ការកសាង​ប្រាសាទ​ព្រះវិហារ មាន​នៅ​លើ​សិលា​ចារឹក​ខ្មែរ នៅឯ​ប្រាសាទ​បាពួន ក្នុង​ខេត្ត​សៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នក​ដែល​សរសេរ​សិលាចារឹក​ហ្នឹង ឈ្មោះ​ហរិ វាហៈ នៅក្នុង​រជ្ជកាល​ព្រះបាទ​រាជិន្រ្ទ​វរ័ន្ម គ្រិស្ត​សករាជ ៩៤៤ ដល់ ៩៦៨ ។  គេ​សរសេរ​ជា​ភាសា​សំស្រ្កឹត​និង​ជា​ភាសា​ខ្មែរ ។ គេ​សរសេរ​ថា មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ព្រះនាម ឥន្រ្ទាយុទ្ធ លោក​បាន​យក​លិង្គ​មួយ  ឈ្មោះ​ស្រីសិខៈ រិស្វារៈ មកតាំង​មក​ប្រតិស្ឋ​នៅ​ទីនេះ​ៗ​គឺ​ប្រាសាទ​ព្រះវិហារ​នេះ​ឯង ។ តើ​ព្រះអង្គ​ម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះបាទ​ជយវរ្ម័ន​ទី​២  គឺ​លោក​សោយរាជ្យ​នៅពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ ។  ខ្ញុំ​អធិប្បាយ​ទាំង​អស់​នេះ ខ្ញុំ​អត់​មាន​បន្ថែម​ទេ ខ្ញុំ​ស្រង់​សេចក្តី​ទាំងអស់ ដូច​ខ្ញុំ​ជម្រាប​បន្តិច​ម្តង​ៗ​នោះ ។ គេ​សរសេរ​ថា ព្រះអង្គ​លោក​ខ្លាំង​ពូកែ​ខ្លាំង​ណាស់ ។ លោក​មាន​មហិទ្ធឫទ្ធិ ទៅ​ច្បាំង​ជាមួយ​នឹង​ស្តេច​ចាម ហើយ​ចាប់​ស្តេច​ចាម​នោះ​បាន​ទៀត ។ ចំពោះ​សេចក្តី​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​គិត​ថា មិន​មាន​សិលាចារឹក​ឯណា​ទៀត និយាយ​ពី​ចម្បាំង​ទៅ​ចាប់​ស្តេច​ចាម​នោះ​ទេ ក៏​ប៉ុន្តែ​ស្តេច​ដែល​លោក​ចាប់​បាន​នោះ ប្រហែល​ជា​មិនមែន​ជា​ស្តេច​ចាម ដែល​ត្រួត​ប្រទេស​ចាម​ទាំង​មូល​នោះ​ទេ ។  ប្រហែល​ជា​ស្តេច​អង្គ​តូច​មួយ ដែល​ត្រួត​នៅ​នគរ​មួយ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​នឹង​ប្រទេស​ខ្មែរ»

ប្រភពឯកសារ វិទ្យុអាស៊ីសេរី


20 Comments

ប្រាសាទព្រះវិហារ-Prasat Preah Vihear

Preah Vihear Temple

ខ្លោងទ្វាចូលប្រាសាទព្រះវិហារពីខាងលិច (រូបភាពវីគីផេឌឿខ្មែរ)

ប្រាសាទព្រះវិហារគឺជាប្រាសាទមួយរបស់ខ្មែរដែលស្ថិតនៅ ​ក្នុងភូមិ​ស្វាយ​ជ្រុំ​ ​ឃុំ​កន្ទួត​ ​ស្រុក​ជាំ​ខ្សា​ន្ត​ ​នៅ​លើ​ខ្នងភ្នំ​ដងរែក​ (៨០០គុណនឹង៤០០មែត្រការេ)។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា​ ​និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។​ ​ប្រាសាទ​ព្រះវិហារ​មាន​ចំងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ​ ​តែបើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ​វា​មាន​ចំងាយ​ត្រឹម​ តែ​១០៨​គី​ទ្បូ​មែ​ត្រ​ប៉ុណ្ណោះ​ ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១​ ​ទៅ​កាន់​ស្រុក​ជាំ​ខ្សា​ន្ត​ ។​ ​នៅ​ឯ​ភ្នំ​ដងរែក​នោះ​ ​មាន​ជណ្តើរ​មួយ​ដែល​អាច​ឲ្យ​គេ​ទ្បើ​ង​ទៅ​ដល់​កំពូលភ្នំ​ដែល​ជាទី​ តាំងរបស់ប្រា​សាទព្រះវិហារ​ស្ថិត​នៅ​។ ​សព្វ​ថ្ងៃនេះ​ អ្នក​លក់ដូរ​​និង​ប្រជាជន​តំបន់​នោះ​ភាគច្រើន​តែងតែ​ទ្បើ​ង​ទៅ​លើ​ភ្នំ​តាម​ ផ្លូវ​ទី១​ ​ពីព្រោះ​ថា​ផ្លូវ​នោះ​វា​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។​ ​ប្រាសាទព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា​ ​សេ​ការី​ស្វា​រៈ​ ​មាន​ន័យ​ថា​អំណាច​នៃ​ភ្នំ​​ហើយ​ ​ត្រូវ​បាន​សាងសង់​ទ្បើ​ង​នៅ​ក្នុង​អំ​ទ្បុ​ង​ចុង​សតវត្ស​ទី​៩​ ​និង​ដើម​សតវត្ស​ទី​១០​ ​ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​ ​ព្រះបាទ​ ​យ​សោ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​ព​.ស​ ​៨៨៩-៩១០) ព្រះបាទ​សូរយ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​ព​.ស​ ​១០០២-១០៥០) ព្រះបាទ​ ​សូរយ​វរ្ម័ន​ទី​២​(សាងសង់​ក្នុង​ព​.ស​ ​១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦​សាងសង់​ក្នុង​ព​.ស​ ​១០៨០-១១០៩) ។ ប្រាសាទ​ ​ព្រះ​វិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំង​ក្នុង​ឆ្នាំ ​១៩៥៤​ ​តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់សេចក្តី​ ​ពី​តុលាការអន្តរជាតិ​ក្រុង​ទ្បា​អេ​ ​១៥ មិថុនា ១៩៦២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះវីរះមហាក្សត្រព្រះបាទ នរោត្តម សីហនុ។

(ដកស្រង់ពីវែបសាយរដ្ឋាភិបាលខ្មែរ)

Preah Vihear Map

ផែនទីខេត្តព្រះវិហារនិងទីតាំងប្រាសាទព្រះវិហារ (រូបភាពពី 4Khmer)

បញ្ហារវាងកម្ពុជានិងថៃជុំវិញរឿងប្រាសាទព្រះវិហារគឺជារឿង

មួយដែលមានភាព​ដាច់ស្រេច​ក្រោយការសំរេចរបស់តុលា

ការទីក្រុងឡាអេនៅឆ្នាំ ១៩៦២។ ជនជាតិ​​ទាំងពីរត្រូវ​គោរព

តាមការសំរេចនោះ។ ជាការពិតណាស់ប្រាសាទនេះជាកម្ម

សិទ្ធិរបស់ខ្មែរដែលជាសច្ចភាព​មួយ​​មិន​​អាចកែប្រែបាន

ហេតុនេះហើយការព្យាយាមបំពាន់ការពិតណាមួយ ឫ

ការទាញ​យកចំនេញ​នយោ​បាយរបស់អ្នកដឹកនាំជ្រុល

និយមមួយចំនួនរបស់ថៃ គឺជាទង្វើខុសឆ្គង​មួយ​ដែល

នឹង​អាចនាំអោយមានភាពអន្តរាយដល់ជីវិតនិងប្រយោ

ជន៍របស់មនុស្សជាតិ។ហេតុនេះថៃគួរ​តែ​បញ្ឈប់ការ

រារាំងការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបិតិកភ័ណ្ឌ

ពិភពលោកពីព្រោះ​ប្រា​សាទ នេះមិនមែនតែជារបស់

សិទ្ធិរបស់ជនជាតិខ្មែរនោះទេ ប៉ុន្តែ​វាគឺជាសម្បត្តិរបស់

មនុស្ស​ជាតិដែលមនុស្សជំនាន់ក្រោយត្រូវខិតខំថែរក្សា

ស្នាដៃ​ដ៏​ពិសិដ្ឋរបស់បុព្វ​បុរសខ្មែរមួយនេះ​អោយបាន

គង់វង្ស។

(រូបភាពដែលខ្ញុំទៅលេងប្រាសាទព្រះវិហារកាលពីដើមឆ្នាំ២០០៧)

ជនជាតិកម្ពុជាគ្រប់រូបត្រូវតែស្រលាញ់និងថែរក្សាទ្រព្យ

សម្បត្តិទាំងឡាយរបស់ជាតិខ្លួន ហើយត្រូវធ្វើខ្លួនជា

មនុស្សមានទាំងសីលបញ្ញា និងសមាធិក្នុងការរស់នៅ

ប្រចាំថ្ងៃទើបជីវិតមានសន្តិភាពនិងសុភមង្គលពេញលេញ។

“THAILAND MUST RESPECT THE DECISION OF THE HAGUE INTERNATIONAL COURT OF JUSTICE WHICH GAVE THE OWNERSHIP OF THE PREAH VIHEAR TEMPLE TO CAMBODIA IN 1962.”

“A GOOD NEIGHBOUR MAKES A GOOD WALL.”

“WE MUST SEE THINGS AS THEY ARE, BUT NOT AS WE ARE.”

ថតទុក Download: Introduction to Preah Vihear Temple (PDF)

Do you like Preah Vihear Temple? Do you want this authentic work of Khmer Ancestors to be listed in the World Heritage List for the sake of goodness and humanity? If you do, please raise your voice by just add your comment by clicking “ADD A COMMENT” on the top of the article.

******************************************************