C*H*A*N*R*O*E*U*N

Food for Thought, Thought for Action!

ឌុច​ថ្លែង​រំឭក​​ពី​​សង្រ្គាម​​រវាង​​វៀតណាម​​និង​​ខ្មែរ​​ក្រហម

1 Comment

ដោយ ហ៊ុយ វណ្ណៈ
2009-06-01

ថ្មីៗ ​នេះ​អតីត​សមាជិក​ខ្មែរ​ក្រហម​ម្នាក់​បាន​និយាយ​ថា មនុស្ស​ដែល​ស្លាប់​ច្រើន​ក្នុង​របប​ខ្មែរ​ក្រហម គឺ​បណ្តាល​មក​ពី​ទំនាស់​ស្លាប់​រស់​រវាង ប៉ុល ពត និង​មេ​ដឹក​នាំ​វៀតណាម។

អតីត ​មេគុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម កាំង ហ្កិចអ៊ាវ ហៅ ឌុច (រូប​កណ្ដាល) បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​នៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ កម្ពុជា នា​ថ្ងៃ​ទី​១៧ កុម្ភៈ ២០០៩។

AFP Photo

សមាជិក​ខ្មែរ​ក្រហម​ម្នាក់​បាន​ថ្លែង​ថា ការ​អនុវត្ត​មហិច្ឆតា​ដ៏​ធំ​មួយ​របស់​ហូជីមិញ ដែល​ប៉ុន​ប៉ង​បញ្ចូល​កម្ពុជា ទៅ​ក្នុង​អ្វី​ដែល​ហៅ​ថា​ប្រទេស​សហ​ព័ន្ធ​ឥណ្ឌូ​ចិន គឺ​ត្រូវ ប៉ុល ពត ជំទាស់​ជា​ដាច់​ខាត ហើយ​ការ​ប្រឆាំង​គំនិត​របស់​ហូជីមិញ នោះ​ហើយ ដែល​បណ្តាល​ឲ្យ​កើត​មាន​សង្គ្រាម​រវាង​កម្ពុជា-​វៀតណាម នៅ​អំឡុង​ឆ្នាំ​១៩៧៨ និង​នាំ​ឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​នៅ​គ្រា​នោះ។

នៅ​ក្នុង​សវនាការ​នា​សប្តាហ៍​នេះ អតីត​មេ​គុក​ទួល​ស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​បំភ្លឺ​ថា មហិច្ឆតា​របស់​មេ​ដឹក​នាំ​បដិវត្តន៍​វៀតណាម ហូជីមិញ ក្នុង​ការ​បង្កើត​ប្រទេស​សហ​ព័ន្ធ​ឥណ្ឌូ​ចិន ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​ត្រួត​ត្រា​ដោយ​វៀតណាម នោះ ក៏​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ដោយ​អ្នក​ដឹក​នាំ​វៀតណាម ជំនាន់​ក្រោយ​បន្ត​បន្ទាប់​ទៀត​ដែរ ដូច​ជា ឡេ យន់ និង ផាំ វ៉ាន់ដុង ជា​ដើម។

ឌុច បាន​បំភ្លឺ​ដូច្នេះ ៖ «ហូជីមិញ គាត់​លើក​ទ្រឹស្ដី​ថា បុព្វហេតុ​តែ​មួយ​គឺ​តស៊ូ​វ៉ៃ​បារាំង ដូច្នេះ​ត្រូវ​តែ​មាន​បក្ស​តែ​មួយ​ដឹក​នាំ គឺ​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូ​ចិន។ បក្ស​តែ​មួយ កង​ទ័ព​តែ​មួយ រដ្ឋាភិបាល​តែ​មួយ ប្រទេស​តែ​មួយ គឺ​សហ​ព័ន្ធ​ឥណ្ឌូ​ចិន។ នេះ​ហើយ​ជា​ប្រភព​នៃ​ទំនាស់​ស្លាប់​រស់​រ៉ាំរ៉ៃ​រវាង ឡេ យន់ និង ប៉ុល ពត។ សូម​បញ្ជាក់​ថា ឡេ យន់ គឺ​ជា​អគ្គ​លេខាធិការ​បក្ស​ពលករ​វៀតណាម ដល់​ក្រោយ​មក​គេ​ប្រែ​ឈ្មោះ​ជា​បក្ស​កុម្មុយនីស្ដ​វៀតណាម»

ឌុច ថ្លែង​បន្ត​ថា ឡេ យន់ ព្យាយាម​ឲ្យ ប៉ុល ពត ធ្វើ​តាម​គំនិត​នោះ ប៉ុន្តែ ប៉ុល ពត ប្រឹង​ជម្នះ​ដើម្បី​ចង់​បាន​ឯករាជ្យ​ពី​កុម្មុយនីស្ត​វៀតណាម ទាំង​ទ្រឹស្តី​មនោគមន៍​វិជ្ជា​និង​អធិបតេយ្យ​ជាតិ ៖ «ទំនាស់​រវាង ឡេ យន់ ហើយ​និង ប៉ុល ពត ជា​ទំនាស់​ស្លាប់​រស់ គឺ​ទំនាស់​រ៉ាំរ៉ៃ។ តាំង​ពី​ឆ្នាំ ១៩៥៤ មក ឡេ យន់ គាត់​នៅ​តែ​តាំង​ខ្លួន​គាត់​ជា​បិតា​នៃ​ឥណ្ឌូ​ចិន ដដែល​ហ្នឹង មាន ហ្សឺណែវ ក៏ដោយ ឡេ យន់ ហ្នឹង​ឲ្យ ប៉ុល ពត គោរព​តាម​ខ្លួន»

ឌុច ថ្លែង​ទៀត​ថា វៀតណាម មាន​វិធី​សាស្ត្រ​បី​យ៉ាង​ក្នុង​ការ​ជំរុញ​ឲ្យ ប៉ុល ពត ធ្វើ​តាម​គំនិត​ខ្លួន ហើយ​រឿង​នេះ លោក ផាំ វ៉ាន់ដុង ជា​នាយក​រដ្ឋមន្ត្រី​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក៏​ចាំ​ច្បាស់​ផង​ដែរ។ ការ​ថ្លែង​របស់ ឌុច ក៏​ស្រប​គ្នា​នឹង​ការ​បក​ស្រាយ​របស់​លោក ណាយ៉ាន ចាន់ដា (Nayan Chanda) ជា​អតីត​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ឲ្យ​ទស្សនាវដ្ដី Far Eastern Economic Review និង​ជា​អ្នក​ជំនាញ​មក​បំភ្លឺ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នោះ​ដែរ។

ឌុច បាន​ថ្លែង​ថា ៖ «ផាំ វ៉ាន់ដុង និយាយ​មាន​៣។ គោល​គំនិត​ទី​១ ជំហាន​ដំបូង បក្ស​កុម្មុយនីស្ដ​វៀតណាម គឺ ឡេ យន់ គេ​ចង់​អប់រំ ប៉ុល ពត ឲ្យ​ងាក​ទៅ​តាម​គេ បើ​សិន​ជា​គេ​ធ្វើ​មិន​បាន​ទេ គេ​ឲ្យ​ខ្មែរ​ជា​សមាជិក​បក្ស​កុម្មុយនីស្ត​កម្ពុជា នេះ ទម្លាក់ ប៉ុល ពត។ ទី​៣ បើ​សិន​ជា​ធ្វើ​មិន​កើត​ត​ទៅ​ទៀត គេ​នឹង​វ៉ៃ​ពី​ក្រៅ»

អរិភាព​រវាង​មេ​ដឹក​នាំ​ប្រទេស​កម្ពុជា នា​គ្រា​នោះ គឺ ប៉ុល ពត និង​មេ​ដឹក​នាំ​វៀតណាម ឡេ យន់ បាន​បណ្តាល​ឲ្យ​សង្គ្រាម​ផ្ទុះ​ឡើង​ជា​បន្ត​បន្ទាប់ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ​១៩៧៧ មក។

នៅ​ក្នុង​សុន្ទរកថា​មួយ​ក្នុង​ឆ្នាំ​១៩៧៨ ប៉ុល ពត ថ្លែង ថា ៖ “យើង​ បាន​ប្រយុទ្ធ​យ៉ាង​សាហាវ​ជាមួយ​វៀតណាម ដោយ​បង្ខំ​ឲ្យ​វា​ចេញ​ពី​ទឹក​ដី​របស់​យើង​នៅ​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ​១៩៧៨។ យើង​សម្លាប់​និង​ធ្វើ​ឲ្យ​របួស​ទ័ព​វៀតណាម ២​ម៉ឺន​៩​ពាន់​នាក់ និង​ប្រយុទ្ធ​ជាមួយ​ទ័ព​វៀតណាម ៥​កង​ពល​ទៀត”

ក្រោយ​មក​ទៀត​កង​ទ័ព​វៀតណាម បាន​វាយ​ប្រហារ​មក​លើ​កម្ពុជា ជា​លើក​ទី​២ ដើម្បី​គ្រប់​គ្រង​ទឹក​ដី​កម្ពុជា នៅ​ខែ​មេសា ឆ្នាំ​១៩៧៨ ដដែល​នោះ។ ប៉ុល ពត ថ្លែង ថា ៖ “វៀតណាម បាន​ត្រៀម​កង​ទ័ព​ចំនួន ១១​កង​ពល”។ ប៉ុន្តែ​វៀតណាម​មិន​ទទួល​បាន​ជ័យ​ជម្នះ​លើ​កម្ពុជា នៅ​គ្រា​នោះ​ទេ។

ប៉ុល ពត បាន​រំឭក​ដល់​កម្មាភិបាល​និង​កង​ទ័ព​របស់​ខ្លួន​នៅ​គ្រា​នោះ ដូច​អ្វី​ដែល ឌុច ថ្លែង​នៅ​ក្នុង​សវនាការ​ដែរ​ថា ៖ “ការ ​វាយ​ប្រហារ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​និង​ការ​ឈ្លាន​ពាន​នោះ គឺ​ក្នុង​បំណង​យុត្តិសាស្ត្រ​ដាក់​កម្ពុជា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម ក្នុង​អ្វី​ដែល​ហៅ​ថា សហ​ព័ន្ធ​ឥណ្ឌូ​ចិន”

នៅ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ប៉ុល ពត បាន​ប្រកាស​ធ្វើ​សង្គ្រាម​ជាមួយ​វៀតណាម។ អ្នក​ស្រាវ​ជ្រាវ​ម្នាក់​បាន​ថ្លែង​ថា ការ​សម្រេច​ចិត្ត​ធ្វើ​សង្គ្រាម​នេះ គឺ​ដោយសារ​តែ ប៉ុល ពត សង្ឃឹម​លើ​ប្រទេស​ចិន​ប្រជាមានិត ហើយ​កាល​ណោះ ចិន បាន​ផ្តល់​សម្ភារៈ​សឹក​និង​យន្តហោះ​មក​ឲ្យ​ខ្មែរ​ក្រហម​នោះ​ផង។ អ្នក​ជំនាញ​ការ​ចិន ក៏​បាន​ជួយ ប៉ុល ពត កសាង​ព្រលាន​យន្ត​ហោះ​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ផង​ដែរ។

នៅ​ក្នុង​សុន្ទរកថា​ដដែល​នោះ ប៉ុល ពត ក៏​បាន​ថ្លែង​ទៀត​ថា ៖ “បើ​សិន​ ជា​យើង​អាច​ប្រើ​មនុស្ស​ម្នាក់​ច្បាំង​ទល់​នឹង​មនុស្ស ៣០​នាក់ យើង​ប្រាកដ​ជា​អាច​យក​ឈ្នះ​បាន បើ​ទោះ​បី​ជា​ការ​ប្រយុទ្ធ​នេះ ប្រើ​រយៈពេល ៧០០​ឆ្នាំ ឬ​ច្រើន​ឆ្នាំ​ជាង​នេះ​ក៏ដោយ។ ប្រជាជន​យើង​មួយ​ចំនួន​អាច​ប្រយុទ្ធ​ម្នាក់​ទល់​នឹង ២០​នាក់ ម្នាក់​ទល់​នឹង ៥០​នាក់ ឬ​ក៏​ម្នាក់​ទល់​នឹង ១០០​នាក់​បាន”

ប៉ុល ពត បាន​លើក​ទឹក​ចិត្ត​ទៀត​ថា ៖ “ដូច្នេះ​យើង​ត្រូវ​តែ​អាន​ពី​ ប្រវត្តិសាស្ត្រ​និង​មាន​ការ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ទាំង​ស្រុង ហើយ​យើង​មិន​ត្រូវ​ជឿ​លើ​ការ​ភូត​កុហក និង​ការ​យល់​ច្រឡំ​របស់​អ្នក​ដទៃ​ដែល​ឆ្ងល់​ថា យើង​មាន​ប្រជាជន​តែ ៨​លាន​នាក់​នឹង​អាច​ធ្វើ​ឲ្យ​វៀតណាម ដែល​មាន ៥០​លាន​នាក់​ចាញ់​យ៉ាង​ដូច​ម្តេច​នោះ​ឡើយ?”

យោង​តាម ឌុច នៅ​ពេល​ដែល ប៉ុល ពត ខឹង​វៀតណាម នោះ ប៉ុល ពត បែរ​ជា​សម្លាប់​ខ្មែរ​ជា​ច្រើន​នាក់​ទៅ​វិញ ៖ «ប៉ុល ពត ហើយ​និង ឡេ យន់ គេ​ទាស់​គ្នា​ជា​បុគ្គល​គេ​ពីរ​នាក់ ម្នាក់ៗ​មាន​បក្ស​រៀង​ខ្លួន មាន​កង​ទ័ព​រៀង​ខ្លួន ដូច្នេះ​វា​អន្តរាយ វា​ហូរ​ឈាម​មនុស្ស រាស្រ្ដ​តូច​តាច»

សង្គ្រាម​រវាង​កុម្មុយនីស្ត​វៀតណាម​និង​កុម្មុយនីស្ត​ខ្មែរ​ក្រហម ត្រូវ​លោក ណាយ៉ាន ចាន់ថា  ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ប្រវត្តិសាស្ត្រ​ផង​ដែរ ចាត់​ទុក​ថា វា​ជា​ជម្លោះ​រវាង​បង​ប្អូន​ឯង​ដែល​ជា​កុម្មុយនីស្ត​ដូច​គ្នា​នោះ។

ប៉ុន្តែ ឌុច ក៏​ជំទាស់​ចំពោះ​ចំណុច​នេះ ៖ «យើង​ខ្ញុំ​ហើយ​និង​វៀតណាម មិន​ដែល​មាន​ទឹក​ដី​រួម​គ្នា​ទេ សូម​បញ្ជាក់!»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​ព្យាយាម​របស់ ប៉ុល ពត ដើម្បី​ឯករាជ្យ​ពី​វៀតណាម គឺ​មិន​អាច​ទៅ​រួច​ទេ​នៅ​គ្រា​នោះ។ របប​ខ្មែរ​ក្រហម​ដែល​ដឹក​នាំ​ដោយ ប៉ុល ពត បាន​បរាជ័យ​ទាំង​ស្រុង​នៅ​ខែ​មករា ឆ្នាំ​១៩៧៩ ហើយ​កង​ទ័ព​វៀតណាម និង​អ្នក​ជំនាញ​ការ​វៀតណាម បាន​បន្ត​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា រហូត​ដល់​ឆ្នាំ​១៩៨៩ ទើប​ដក​ទៅ​វិញ។

គេ​មិន​ដឹង​ថា កាល​ពី ៣០​ឆ្នាំ​មុន ឌុច បាន​គិត​ដូច​ម្តេច​ចំពោះ​គំនិត​ដឹក​នាំ​របស់ ប៉ុល ពត នោះ​ទេ ប៉ុន្តែ​ពេល​នេះ ឌុច បាន​ថ្កោល​ទោស ប៉ុល ពត ៖ «ប៉ុល ពត ប្រើ​ពាក្យ​ថា ចង់​ឈ្នះ​យួន ត្រូវ​បក្ស​ស្អាត កង​ទ័ព​ស្អាត ប្រជាជន​ស្អាត។ ខ្ញុំ​និយាយ​នេះ​មិន​មែន​អះ​អាង​ថា ប៉ុល ពត ស្នេហា​ជាតិ​ដ៏​មហា​អស្ចារ្យ​ទេ ប៉ុល ពត ជា​ឧក្រិដ្ឋ​ករ បិតា​ឧក្រិដ្ឋ​ករ​ធំ​បំផុត​របស់​កម្ពុជា ក្នុង​នេះ​ខ្មែរ​ជាង ១​លាន​នាក់​ស្លាប់​ដោយ​សារ​ស្នា​ដៃ ប៉ុល ពត។ ក្នុង​នេះ ស.២១ បាត​ដៃ​ខ្ញុំ​ប្រឡាក់​ឈាម​មនុស្ស ១២.៣៨០​នាក់​យ៉ាង​តិច»

អតីត​អ្នក​កាសែត​ម្នាក់ ហើយ​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ព័ត៌មាន គឺ​លោក ខៀវ កាញារីទ្ធ ថ្លែង​ដែរ​ថា វិនាសកម្ម​របស់​កម្ពុជា នៅ​គ្រា​នោះ ដោយសារ​តែ​កំហុស​ផ្នែក​នយោបាយ​និង​ការ​សម្រេច​ចិត្ត​របស់ ប៉ុល ពត។

ប៉ុល ពត បាន​ស្លាប់​តាំង​ពី​ឆ្នាំ​១៩៩៨ ។ ពេល​នេះ​នៅ​សល់​តែ​សហការី​និង​អ្នក​ដើរ​តាម ប៉ុល ពត ប៉ុណ្ណោះ ដែល​ត្រូវ​ដាក់​ឲ្យ​ទទួល​ទោស​ចំពោះ​កំហុស​ទាំង​នោះ ក្នុង​នោះ​មាន ឌុច និង​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ដទៃ​ទៀត ដូច​ជា ខៀវ សំផន, នួន ជា, អៀង សារី និង អៀង ធីរីទ្ធ។ ចំណែក​ឯ​វៀតណាម ក៏​បាន​ផ្តល់​ឯកសារ​ជា​ភស្តុតាង​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​ក្រុម​មេ​ខ្មែរ ​ក្រហម​ទាំង​នោះ​ផង​ដែរ៕

Copyright © 1998-2009 Radio Free Asia. All rights reserved.

One thought on “ឌុច​ថ្លែង​រំឭក​​ពី​​សង្រ្គាម​​រវាង​​វៀតណាម​​និង​​ខ្មែរ​​ក្រហម

  1. ខ្ញុំតែងលឺម្តាយខ្ញុំពេលគាត់បិបាកចិត្ត រស់នៅពេក កូនរៀននៅក្រុងទាំង៥ ត្រូវចឹញ្ជឹមរាល់ខែ ប៉ាខ្ញុំប្រាក់ខែ មិនបាច់ថ្លែង ម៉ាក់ខ្ញុំរកស៊ី មានគេមកទានេះទានោះ ពេលខ្លះគាត់ថា សម័យពលពត បែបស្រួលជាង បើសិនមិនសំលាប់ គ្មានអ្នកណាចង់មានចង់បានទេ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s