C*H*A*N*R*O*E*U*N

Food for Thought, Thought for Action!

Cambodian Solar Bicycle

1 Comment

កង់ខ្មែរដើរដោយពន្លឺព្រះអាទិត្យគ្រោងចេញលក់នៅចុងឆ្នាំ ២០០៩

វិទ្យុអាស៊ីសេរី

2008-12-08

កង់ ​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​ជា​ ស្នាដៃ​លើក​ដំបូង​បង្អស់​របស់​ខ្មែរ​ក្នុង​ស្រុក​កំពុង​ត្រូវ​បាន​គេ​បន្ត​ កែ​លម្អ​ឲ្យ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​និង​គ្រោង​ផលិត​ចេញ​លក់​នៅ​ចុង​ ឆ្នាំ​២០០៩​ខាង​មុខ​នេះ។

UNDP Photo

កង់​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​ផលិត​នៅ​ស្រុក​ខ្មែរ។

លោក គង់ ផារិទ្ធិ ប្រធាន​អង្គការ​អ្នក​កសាង​សមត្ថភាព ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ស្រាវជ្រាវ​ផលិត​កង់​ដើរ​ដោយ​ថាមពល​ពន្លឺ​ ព្រះអាទិត្យ​នេះ កាលពី​ឆ្នាំ​២០០៦ ក្រោម​ថវិកា​ឧបត្ថម្ភ​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (យូអ៊ិនឌីភី) ប្រចាំ​នៅ​កម្ពុជា បាន​រៀបរាប់​អំពី​ទ្រង់ទ្រាយ​ជា​មូលដ្ឋាន​របស់​កង់​ពាក់​កណ្តាល​ស្វ័យ​ ប្រវត្តិ​នេះ​ដែល​មាន​លក្ខណៈ​ដូច​គ្នា​នឹង​កង់​ធាក់​ដោយ​ជើង​ធម្មតា​ដែរ។

លោក គង់ ផារិទ្ធិ បាន​ឲ្យ​ដឹង​ថា ៖ «កង់​ហ្នឹង​មាន​កង់​២​មុខ​ក្រោយ មាន​ជើង​ធាក់ ហើយ​អ្វីៗ​ដូច​គ្នា​ទាំងអស់ ហើយ​បន្ទះ​សូឡា​ពីរ​ផ្ទាំង ហើយ​មាន​គេ​ហៅ​ថា ម៉ូទ័រ Controller ហើយ​មាន​ហ្គែរ។ ហ្គែរ​នៅ​ខាង​ស្ដាំ​ដៃ​ដូច​ហ្គែរ​ម៉ូតូ​អ៊ីចឹង ហើយ​វា​មក​បញ្ជា​ប្រអប់​ម៉ូទ័រ Controller ហ្នឹង ពេល​ដែល​យើង​មូល​ហ្គែរ​ទៅ​គឺ​មេ​ដែក​បាន​ដើរ​ទៅ​ជិត Sensor​មួយ ហើយ Sensor​ហ្នឹង​ពេល​មាន​មេ​ដែក​ទៅ​ជិត Sensor​ហ្នឹង​មាន​អំពើ​ឲ្យ​ចរន្ត​ឆ្លង​កាត់​ខ្លួន​វា​ដើម្បី​ទៅ​ពញ្ញាក់​ ម៉ូទ័រ Controller ឲ្យ​ភ្លើង​ទៅ​តិច​ទៅ​ច្រើន​តាម​ដែល​យើង​មូល។ ហើយ​បន្ទាប់​មក​ទៀត យើង​មាន​ប្រអប់​ចង្កៀង​មុខ​ដែល​ជា​កន្លែង​បង្ហាញ​អំពី​ប្រព័ន្ធ​ភ្លើង​អស់​ ប៉ុន្មាន នៅ​ប៉ុន្មាន​ហ្នឹង។ នៅ​លើ​ចង្កៀង​ខាង​មុខ​ហ្នឹង វា​មាន​ចង្កៀង​វា​មួយ ហើយ​មាន​សញ្ញា​ភ្លើង​ជា​គ្រាប់ៗ​ឡើង​មក»

ទាក់ទង​នឹង​កង់​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ មាន​មិត្ត​អ្នក​ស្តាប់​មួយ​រូប​ក្រោយ​ពី​បាន​ស្តាប់​ការផ្សាយ​របស់​វិទ្យុ​ អាស៊ីសេរី​រួច​មក​បាន​សរសេរ​អ៊ីមេល​មក​សាកសួរ​ថា តើ​កង់​នេះ​ត្រូវការ​ថាមពល​ប៉ុន្មាន​វ៉ាត់​ដើម្បី​ដំណើរការ​បាន?

លោក គង់ ផារិទ្ធិ បាន​អធិប្បាយ​តប​ទៅ​នឹង​សំណួរ​នេះ​ដោយ​លម្អិត​បន្ថែម​អំពី​ដំណើរការ​ពិសោធន៍ ​សាកល្បង​ក្នុង​ការជ្រើសរើស​យក​ម៉ូទ័រ​ដែល​មាន​កម្លាំង​សមល្មម​សម្រាប់​យក​ មក​ដាក់​តំឡើង​ដើម្បី​អាច​អូស​ទាញ​កង់​ឲ្យ​វិល​ទៅ​មុខ​បាន។

លោក គង់ ផារិទ្ធិ បាន​មាន​ប្រសាសន៍​ថា ៖ «ដំបូង​ឡើង​ខ្ញុំ​ធ្វើ​តាម​ របៀប​សាមញ្ញ​បំផុត​ដោយ​យក​ម៉ូទ័រ គេ​ហៅ​ថា ផ្លិត​បង់​ទឹក​ឡាន​ហ្នឹង ២ យក​មក​ផ្គុំ​គ្នា​ឲ្យ​វិល​ស្រប​គ្នា​ទៅ ហើយ​អូស​ម៉ូទ័រ។ ហើយ​ផ្លិត​ហ្នឹង​គឺ​គិត​ទៅ​កម្លាំង​មួយ​ប្រហែល​ជា​៦០​វ៉ាត់ ពីរ​ហ្នឹង​ចូល ១២០​វ៉ាត់ អ៊ីចឹង​វា​ខ្សោយ​ណាស់ ១២០ គឺ​កម្លាំង​វ៉ាត់​វា​តិច អ៊ីចឹង​វា​អូស​បាន​ល្បឿន​យឺត។ ក្រោយ​មក​ទៀត ក្រោម​គម្រោងការ​របស់​យូអិនឌីភី ដែល​ឲ្យ​ខ្ញុំ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ហ្នឹង យើង​បាន​ស្រាវជ្រាវ​ពី​ម៉ូទ័រ​កង់​របស់​ចិន ម៉ូទ័រ​កង់​របស់​ជប៉ុន ច្រើន​ម៉ាក​ច្រើន​ប្រភេទ​យក​មក​សិក្សា​មើល ហើយ​យើង​ស្វែងរក​មើល​ម៉ូទ័រ​ណា​ដែល​ស៊ី​ភ្លើង​តិច​បំផុត ហើយ​កម្លាំង​វ៉ាត់​ល្មម​ត្រឹម​២៤០​វ៉ាត់ ទៅ ២៥០​វ៉ាត់​ហ្នឹង ដើម្បី​ឲ្យ​អូស​កង់​ហ្នឹង​បាន។ ហើយ​នៅ​ពេល​ដែល​កង់​ហ្នឹង​ចេញ​ដំណើរ​ដំបូង វា​អាច​ចេញ​ខ្លាំង​ដល់​៣៥០​វ៉ាត់ ប៉ុន្តែ​ពេល​ដែល​កង់​ហ្នឹង​ដំណើរការ​ហើយ នៅ​ត្រឹម​តែ​២០០ ទៅ ២៥០​វ៉ាត់​ទេ ហ្នឹង​និយាយ​ពី​កម្លាំង​វ៉ាត់​របស់​ម៉ូទ័រ»

លោក គង់ ផារិទ្ធិ បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រៅពី​អំពី​ឧបករណ៍​សំខាន់ៗ​ដូច​ជា​ម៉ូទ័រ​និង​ផ្ទាំង​កញ្ចក់​ស្រូប​ពន្លឺ​ ថ្ងៃ​ដែល​ត្រូវតែ​ជាវ​ពី​ប្រទេស​ក្រៅ​មក​នោះ សម្ភារៈ​គ្រឿង​បន្លាស់​មួយចំនួន​មាន​តួ​កង់​ជាដើម គឺ​សុទ្ធតែ​ផលិត​ក្នុង​ស្រុក និង​ចាប់​តំឡើង​ដោយ​បុគ្គលិក​នៃ​រោងសិប្បកម្ម​របស់​អង្គការ​អ្នក​កសាង​ សមត្ថភាព​ទាំងអស់។

លោក គង់ ផារិទ្ធិ បាន​ឲ្យ​ដឹង​ថា ៖ «ម៉ូទ័រ​ហ្នឹង​ជា​ប្រភេទ​ម៉ូទ័រ​ កង់​របស់​ជប៉ុន ជា​ប្រភេទ​កង់​ម៉ាក​យ៉ាម៉ាហា។ ក្នុង​យ៉ាម៉ាហា​ហ្នឹង​ត្រូវ​រើស​មើល​ទៀត មាន​យ៉ាម៉ាហា​ខុសៗ​គ្នា​ទៀត។ ហើយ​កញ្ចក់​ដែល​យើង​ប្រើ​ហ្នឹង មួយៗ​ទំហំ​ប្រហែល​ជា​ទទឹង​៣​តឹក បណ្ដោយ​៣,៥​តឹក គឺ​ជា​កញ្ចក់​ល្អ​បំផុត​ហើយ… ដែល​អាច​ស្រូប​ថាមពល​ពន្លឺ​ព្រះអាទិត្យ​បាន​ល្អ​ជាង​គេ​ហើយ។ ហើយ​កង់​ដែល​យើង​យក​មក​ធ្វើ​កង់​ពន្លឺ​ថ្ងៃ​ហ្នឹង គឺ​ថា យើង​តាក់តែង​ម៉ូដ​ដោយ​ខ្លួន​យើង​ផលិត​នៅ​ស្រុក​ខ្មែរ។ ទូក​កង់​អី​ហ្នឹង​យើង​រៀបចំ​ពត់​ដែក ស្អីៗ​ហ្នឹង ខ្មែរ​យើង​ធ្វើ​បាន​អា​ហ្នឹង។ ហើយ​កង់​ដែល​យើង​រៀបចំ​ឲ្យ​មាន​ការកែច្នៃ​ហ្នឹង យើង​ឲ្យ​បាន​ជិះ​ពីរ​នាក់ ប៉ុន្តែ​យើង​ជិះ​ទូក​ខាង​មុខ យើង​បំពាក់​ដោយ​កែប​មួយ ដែល​ថា​អាច​ជិះ​ចំហៀង​ឬ​ពី​មុខ​ហ្នឹង នៅ​ក្នុង​រង្វង់​ដៃ​អ្នក​ជិះ​ហ្នឹង ដូច​ថា​ឌុប​ប្អូន ឌុប​ក្មេង​អី​ហ្នឹង យើង​អាច​ឌុប​ខាង​មុខ​ហ្នឹង​បាន ប៉ុន្តែ​អា​ក្រោយ​នេះ​យើង​អាច​បន្ទាប​ទូក​ខាង​មុខ​រាង​ទាប​បន្តិច​ដែរ អាច​ថា​ទូក​ស្រី​ក៏​បាន​ដែរ»

ចំពោះ​សំណួរ​អំពី​ទីតាំង​និង​ថាមពល​នៃ​បន្ទះ​ស្រូប​ពន្លឺ​ថ្ងៃ​ដែល​តំឡើង ​នៅ​នឹង​កង់​នោះ​វិញ លោក គង់ ផារិទ្ធិ ប្រធាន​អង្គការ​អ្នក​កសាង​សមត្ថភាព បាន​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ៖ «ការ​ដែល​បំពាក់​បន្ទះ​សូឡា​ហ្នឹង យើង​បំពាក់​នៅ​ផ្នែក​ខាង​ក្រោយ នៅ​ចង្អើរ​វាង​ខាង​ក្រោយ​ហ្នឹង ហើយ​យើង​ត្រូវ​ច្នៃ​ប្រឌិត​កង់​ដែល​មាន​បូម​កណ្ដាល​ហ្នឹង គឺ​ថា​ត្រូវតែ​ច្នៃ​បំពាក់​ឲ្យ​មាន​ចង្អើរ ចង្អើរ​ហ្នឹង​មិន​បាច់​ជា​ចង្អើរ​ទ្រ​ទម្ងន់​ធ្ងន់​ទេ ចង្អើរ​ស្រាល​ដែល​អាច​ទ្រ​កញ្ចក់​ហ្នឹង​បាន ហើយ​យើង​ដាក់​កញ្ចក់​ហ្នឹង​ឲ្យ​មាន​ហៅ​ថា ត្រចៀក ដូច​ជា​ត្រចៀក​ទ្វារ​យើង​អ៊ីចឹង ដែល​យើង​អាច​បត់​កញ្ចក់​ហ្នឹង​ចុះ​ក្រោម ឬ​ក៏​បត់​ឡើង​លើ ឬ​ក៏​យើង​ចង់​ដាក់​វា​ក្នុង​ទម្រង់​យ៉ាង​ណា​មួយ យើង​ដាក់​វា​ចូល​ក្នុង​ទម្រង់​ដែល​យើង​ចង់​បាន​ហ្នឹង​ទៅ ហើយ​យើង​មូល​ខ្ចៅ​មួយ​រឹត​ភ្ជាប់​វា។ អ៊ីចឹង​ការ​ដែល​យើង​ធ្វើ​មិន​ទាន់​ជា​ល្អ​ណាស់​ណា​ទេ ប៉ុន្តែ​នេះ​ជា​ការស្រាវជ្រាវ​ដំបូង គឺ​ថា​យើង​ធ្វើ​ឲ្យ​បត់បែន​បាន​នូវ​កញ្ចក់​ពីរ​ផ្ទាំង មួយ​ផ្ទាំង​មាន​កម្លាំង ១០​វ៉ាត់ ហើយ​កញ្ចក់​ពីរ​ផ្ទាំង​យើង​បូក​បញ្ចូល​គ្នា​ទៅ​បាន​២០​វ៉ាត់ ហើយ​២០​វ៉ាត់​បាន​កម្លាំង​ចេញ​២៤​វ៉ុល»

សូម​ជម្រាប​ផងដែរ​ថា កង់​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​ត្រូវ ​បាន​ពលរដ្ឋ​បារាំង​ដើម​កំណើត​ខ្មែរ​មួយ​រូប​បោះ​ទុន​ដើម្បី​ផលិត​ចេញ​នៅ​ ចុង​ឆ្នាំ​២០០៩​ខាង​មុខ​នេះ ក្នុង​ចំនួន​ប្រមាណ​ពី​៥០​ទៅ​១០០​គ្រឿង ដោយ​គ្រោង​នឹង​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស ជា​ពិសេស​ក្នុង​ជំហាន​ទី​មួយ​គឺ​យក​ទៅ​ដាក់​បង្ហាញ​នៅ​ឯ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង៕

One thought on “Cambodian Solar Bicycle

  1. I also want to purchase one unit if it is not so expensive.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s