C*H*A*N*R*O*E*U*N

Food for Thought, Thought for Action!

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​១)

Leave a comment

ដោយ មឿង ទុម

វិទ្យុអាស៊ីសេរី

2008-07-17

មាន ​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​ប្រាសាទ​ព្រះវិហារ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​នោះ មាន​ជណ្តើរ​ឡើង ស្ថិត​នៅក្នុង​ទឹក​ដី​ថៃ សព្វ​ថ្ងៃ​នេះ​ទៅវិញ? តើ​អ្នកណា​ជា​អ្នក​កសាង​ប្រាសាទ​ព្រះវិហារ​នោះ?

Photo: PA Chanroeun

ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា។

លោក​សាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្ន​បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​ថៃ​លាវ​និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា នៅពេល​ដែល​ស្តេច​ខ្មែរ ផ្តើម​សាងសង់​ប្រាសាទ​ព្រះវិហារ​នោះ​ឡើង​នៅក្នុង​ខេត្ត​ព្រះវិហារ​នៃ​ដែនដី​ ព្រះរាជាណាចក្រ​កម្ពុជា កាលពី​បុរាណ​សម័យ​នោះ គឺ​ពុំទាន់​មាន​ប្រទេស​សៀម ឬ​ថៃ តាំង​នៅ​ទីតាំង​ប្រទេស​ថៃ​សព្វថ្ងៃ នៅ​ឡើយ​ទេ ។

ពិសេស កាលពី​បុរាណ​សម័យ ស្រុក​ខ្មែរ​មាន​ផ្ទៃ​ដី​ធំធេង ផ្នែក​ខាង​លិច​គឺ​លាត​សន្ធឹង ពី​ខេត្ត​ព្រះវិហារ ហួស​ប្រទេស​ថៃ​សព្វថ្ងៃ និង​តរហូត​ទៅ​ដល់​ប្រទេស​ភូមា ។ ចំណែក​ផ្នែក​ខាង​ជើង គឺ​លាត​សន្ធឹង​រាប់​បញ្ចូល​ទាំង​ក្រុង​ឈៀងម៉ៃ ដែល​សព្វថ្ងៃ​ជា​ខេត្ត​មួយ​របស់​ថៃ​នោះ​ផង ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​បន្ថែម​យ៉ាងដូច្នេះ ៖ «ខ្មែរ​យើង​ មួយ​ចំនួន មិន​យល់​អំពី​ប្រាសាទ​ព្រះវិហារ ចោទ​សួរ​ថា ផ្លូវ​ដែល​ទៅកាន់​ប្រាសាទ​ព្រះវិហារ​ហ្នឹង ផ្លូវ​ដែល​ស្រួល​នោះ គឺ​ទៅពី​ស្រុក​សៀម ។ ហេតុអ្វី បើ​ជា​ប្រាសាទ​ខ្មែរ ម៉េច​ក៏​គេ​ធ្វើ​ផ្លូវ​ឡើង​ទៅ​ពី​ស្រុក​សៀម​ទៅ​វិញ ។ ដើម្បី​ឲ្យ​បាត់​ការងឿង​ឆ្ងល់​ចំពោះ​បញ្ហា​នេះ ខ្ញុំ​សូម​ជម្រាប សូម​ឲ្យ​ជ្រាប​ថា ប្រាសាទ​ព្រះវិហារ​នេះ មាន​នៅ​ក្នុង​ទឹកដី​ខ្មែរ​តាំងតែ​ពី​ដើម​មក​យូរ​ណាស់​ហើយ ដី​ខ្មែរ​គឺ​ស្រុក​សៀម មិន​ទាន់​មាន​ឯណា ។ ដី​ខ្មែរ​មាន​នៅ​រហូត​ទៅ​ដល់​ប្រទេស​ភូមា ។ បើ​ខាង​ជើង​នោះ រហូត​ទៅ​ដល់​ក្រុង​ឈៀងម៉ៃ ពីព្រោះ​ខ្មែរ​កាន់​អំណាច​រហូត​ទៅ​ដល់​ទីនោះ ។ ដូច្នេះ​មិនមែន​មក​ចោទ​ថា ដីត្រង់​កន្លែង​នោះ មាន​សៀម មាន​អី បើ​សៀម​មិនទាន់​មក​ដល់​ឯណា ។ សៀម​ទាល់​តែ​ចុង​សតវត្សរ៍​ទី​១៣ បាន​ទើប​នឹង​ចុះមក ។ ដូច្នេះ ដី​ត្រង់​ដែល​គេ​ធ្វើ​ប្រាសាទ នៅលើ​កំពូល​ភ្នំ​ព្រះវិហារ​នេះ ជា​ដី​របស់​ខ្មែរ ។ ខ្មែរ​ចង់​ធ្វើ​ត្រង់​ណា បែរ​ទៅ​ត្រង់​ណា គេ​ធ្វើ​តាម​តែ​ទីតាំង​របស់​សាច់​ភ្នំ​នោះ ។ ដូច្នេះ​សុំ​កុំ​ឲ្យ​ងឿង​ឆ្ងល់ បើ​មាន​អ្នកណា​ផ្សេង​ទៀត​ថា ទេ ប្រាសាទ​ហ្នឹង​មិនគួរ​ជា​របស់​ខ្មែរ ហ្នឹង​គឺ​ខុស​ហើយ ។ ពីព្រោះ​ដី​ខ្មែរ​នៅ​វាត​តាំង​ពី​ដែន​ដី​កម្ពុជា​ក្រោម កូសាំងស៊ីន រហូត​ទៅ​ដល់​ខាង​ជើង​នោះ គឺ​រហូត​ទៅ​ដល់​វៀងច័ន្ទ​ឯណោះ ។ ហ្នឹង បើ​ផ្នែក​ខាង​ស្រុក​លាវ ។ សៀម​អត់ទាន់​មាន​ទេ ដូច្នេះ​គេ​យក​ដី​នេះ យក​មក​ធ្វើ​ជា​ប្រាសាទ ដែល​វាល​ទំនាប ដែល​ឡើង​មក​សព្វថ្ងៃ គឺ​ឡើង​មក​ពី​ខាងជើង ហើយ​គេ​ធ្វើ​ប្រាសាទ​ហ្នឹង បែរមុខ​ទៅ​ទិស​ខាងជើង ។ ប្រាសាទ​នេះ មិន​មាន​លក្ខណៈ​ដូច​ប្រាសាទ​ឯ​ទៀត​ៗ​ទេ ។ ដូច្នេះ សូម​កុំ​ឲ្យ​ងឿងឆ្ងល់​ទៀត ផ្លូវ​ដែល​គេ​ធ្វើ​មក​ពី​ស្រុក​សៀម​ៗ ពុំ​ទាន់​មាន​ទេ ។ សព្វថ្ងៃ​យើង​ច្រឡំ សព្វថ្ងៃ​យើង​ភ្លេច​ប្រវត្តិ ដូច្នេះ គេ​ធ្វើ​ពី​ដី​ខ្មែរ​មក​ហ្នឹង រួច​ដី​ខ្មែរ​នៅខាង​ជើង​ឯណោះ វា​វាល​ទំនាប  ហើយ​នៅឯ​ខាង​ស្រុក​ខ្មែរ សព្វថ្ងៃ​ឯណេះ វា​ដី​ត្រង់​ហ្នឹង​គឺ​ជា​ល្បាក់ គឺ​ជា​ជញ្ជាំង​ភ្នំ ។ ម្ល៉ោះ​ហើយ គេ​ធ្វើ​ហ្នឹង គឺ​សម្រាប់​ឲ្យ​មាន​ព្រាហ្មណ៍​ហ្នឹង ទៅ​រក្សា​លិង្គ​របស់​ព្រះឥសូរ ហើយ​កន្លែង​នោះ​គឺ​កន្លែង​គេ​តាំង​សិល្ប៍»

តាម​ការស្រាវជ្រាវ​ពី​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់តាំង​ពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ។ ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ សោយ​រាជ្យ នៅពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​១១ ។ ទីតាំង​ធ្វើ​ប្រាសាទ ដែល​ស្ថិត​នៅលើ​ទី​ខ្ពស់​ជាង​គេ នោះ​មាន​កំពស់ ៥២៥​ម៉ែត្រ ។

បើគិត​ពី​ផ្លូវ​ចូល​ពី​ដី​ទំនាប ឡើង​ទៅ​ដល់​ប្រាសាទ​នៅលើ​កំពូលភ្នំ​នោះ គឺ​កាំជណ្តើរ​សម្រាប់​ឡើង​បន្តិច​ម្តងៗ រហូត​ដល់​ប្រាសាទ​ដែល​នៅ​លើ​កំពូលភ្នំ​នោះ គឺ​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បង្ហាញ​អំពី​ទីតាំង​ភូមិសាស្រ្ត​នៃ​សំណង់​ប្រាសាទ​ព្រះវិហារ ដែល​មាន​រួមទាំង​កាំជណ្តើរ​ទាំងអស់​នោះ​ផង ៖ «ប្រាសាទ​ព្រះវិហារ​នេះ​គឺ ​សង់​ឡើង​អំពី​ថ្ម ហ្នឹង​ចាប់​តាំងពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​មួយ សំណង់​ហ្នឹង​មិនមែន​ធ្វើ​តែ​មួយ​ពេល​ទេ ។ ធ្វើ​បើ​គិត​ឲ្យ​មែន​ទែន មាន​បី​ពេល ។ ឥឡូវ​នេះ ខ្ញុំ​ជូន​គ្រាន់តែ​ជម្រាប​ត្រួសៗ​អំពី​ផ្លូវ​ចូល​មក​ហ្នឹង​មាន​អី​ខ្លះ​ៗ ។ ទីមួយ ពី​ដី​យើង​ធម្មតា​ហ្នឹង ពី​ដី​គឺ​ជើងភ្នំ​របស់​ភ្នំ​ដងរែក​ហ្នឹង យើង​ឡើង​មក​ហ្នឹង គឺ​ចម្ងាយ ៥៤​ម៉ែត្រ​គេ​ធ្វើ​ជា​ជណ្តើរ​ៗ ទាំងអស់​មាន ១៥៩​កាំ ។ យើង​ឡើង​ជណ្តើរ​ហ្នឹង​មក​ហើយ  បាន​គេ​ធ្វើ​រាង​ជម្រាល​បន្តិច​ចម្ងាយ ២៥​ម៉ែត្រ ហ្នឹង ចូល​មក​ខ្លោង​ទ្វារ​ទី​១ ។ បើ​សិន​ណា​អស់​លោក​មាន​សៀវភៅ គេ​សរសេរ​ជា​ភាសា​បារាំង ជា​អង់គ្លេស គេ​រាប់​បញ្ច្រាស គេ​រាប់​ពី​ទីមួយ ប្រាសាទ​ធំ​បំផុត មក​ឯ​ខាង​ដើម ។ ខ្ញុំ​ដើម្បី​នឹង​សម្រួល​អស់​លោក ឲ្យ​ឃើញ​រូប​ប្រាសាទ​ហ្នឹង  ខ្ញុំ​រាប់​តាម​ជណ្តើរ​ដែល​យើង​ឡើង ។ សង្ខេប​យើង​ឡើង​តាម​ផ្លូវ​ជម្រាល​ធម្មតា ៥៤​ម៉ែត្រ បូក​នឹង ២៥​ម៉ែត្រ បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​១ ។ បន្ទាប់​ពី​ខ្លោង​ទ្វារ​ទី​១​ហ្នឹង ត្រូវ​ធ្វើ​ដំណើរ​តាម​កាំជណ្តើរ​នោះ ឡើង​មក​ទៀត ចម្ងាយ ២៤៤​ម៉ែត្រ ។ ជណ្តើរ​នេះ គេ​មាន​បោះគោល​តាម​សង​ខាង​ផ្លូវ ដើរ​មក​បាន​ចូល​ខ្លោង​ទ្វារ​ទី​២ ។ នៅ​ខ្លោងទ្វារ​ទី​២ នោះ​មាន ហោជាង គេ​ធ្វើ​រូប​រឿង​កូរ​សមុទ្រ​ទឹកដោះ គឺ​ការ​ដែល​បង្កើត​លោក ។ នៅពេល​ដែល​ឡើង​មក​ហ្នឹង នៅ​ខាង​ឆ្វេង​ដៃ មាន​ស្រះ​មួយ ។ ស្រះ​នេះ​គឺ​មាន​ន័យ​សំខាន់​ណាស់ ។ ពេល​ដែល​ព្រះមហាក្សត្រ​នៅស្រុក​សៀម​សព្វថ្ងៃ លោក​ឡើង​សោយរាជ្យ  ធ្វើ​ពិធី​រាជា​ភិសេក គេ​មក​យក​ទឹក​ពី​ស្រះ​ហ្នឹង ដើម្បី​យក​ទៅ​បំពេញ​ពិធី​អភិសេក​ព្រះកូណា​ដែល​នៅ​ស្រុកសៀម សព្វថ្ងៃ»

សូម​បញ្ជាក់​ជូន​ថា លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​អំពី​ស្តេច​សៀម​នេះ គឺ​សំដៅ​ចំពោះ​ព្រះមហាក្សត្រ​ថៃ​សព្វថ្ងៃ គឺ​ព្រះបាទ ភូមិផុន អាឌុលយ៉ាដេត ។

បើតាម​ឯកសារ​ប្រវត្តិសាស្រ្ត​ស្តីពី​ព្រះរាជាថៃ ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​វ៉ឹបសាយថ៍ Wikipedia បាន​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិផុន អាឌុលយ៉ាដេត បច្ចុប្បន្ន​មាន​ព្រះជន្ម ៨១​ព្រះវស្សា ឡើង​គ្រង​រាជ្យ​តាំងពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​១៩៤៦ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s